ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦
នៅបរិវេនសួន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នៃខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីបើកសម្ភោធ ពិព័រណ៍រូបថតសាធាណៈមិនអចិន្ត្រៃយ៍ អំពី ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទាបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោបអធិបតីភាព លោក វឿន វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ពៅ ប៊ុនថន សមាជិកក្រុមប្រឹក្សាខេត្ត។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំង ២៥ រាជធានី-ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជកា នៃនាយកដ្ឋានបុរាណវត្ថុ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត យុវជន ស.ស.យ.ក វិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងធនាគារមីក្រូ ហិរញ្ញវត្ថុក្នុងខេត្ត ក្រុមកាយរិទ្ធិកម្ពុជាខេត្ត សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមកាកបាទក្រហមខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសរុបប្រមាណជា ៣០០នាក់។
ការតាំងពិព័រណ៍នេះ ក្នុងគោលបំណងផ្សព្វផ្សាយ អំពីព័ត៌មានវត្ថុសិល្បៈខ្មែរ ដែលបានទាមទារបញ្ជូលត្រឡប់មកមាតុភូមិវិញ និងវត្ថុបុរាណ ដែលបានចុះបញ្ជីជាវត្ថុបាត់មួយចំនួនពីសារមន្ទីរខេត្តបាត់ដំបង និងអភិរក្សដ្ឋានអង្គរ ដើម្បីបង្ហាញជូនដល់ សាធារណជនទស្សនា ស្វែងយល់ អំពីមរតកវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាមទារត្រឡប់មកវិញ។
ពិព័រណ៍រៀបចំឡើងក្រោមកិច្ចសហការណ៍រវាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។